(ស្ទឹងត្រែង)៖ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងសកម្មភាពយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ក្នុងថ្ងៃទី២៣ សីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តបានធ្វើសំណាកលើប្រជាពលរដ្ឋចំនួន ៣៩២នាក់ ក្នុងនោះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញសុខាភិបាលក៏បានផ្ញើសំណាករបស់អ្នកជំងឺដែលមានរោគសញ្ញាសង្ស័យទៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីពិនិត្យឱ្យបានដឹងច្បាស់ ក៏បានវិភាគរកឃើញជំងឺកូវីដបំប្លែងថ្មីប្រភេទ Delta ចំនួន ៤នាក់បន្ថែមទៀត ដែលធ្វើឱ្យខេត្តស្ទឹងត្រែងមានករណីជំងឺប្រភេទនេះកើនឡើងចំនួន ២៨នាក់ហើយ។

ដោយឡែក មន្ត្រីសុខាភិបាលក៏បានព្យាបាលឱ្យជាសះស្បើយបានចំនួន ២៣នាក់ និងបានអនុញ្ញាតឱ្យវិលទៅគេហដ្ឋានវិញ។ មន្ត្រីសុខាភិបាលក៏បានប្រាប់បន្ថែមថា ត្រូវបន្តអនុវត្តវិធានសុខាភិបានឱ្យបានខ្ជាប់ខ្ជួន ឬប្រសិនបើមានបញ្ហាសុខភាពផ្នែកណាមួយ ត្រូវទាក់ទងមកក្រុមគ្រូពេទ្យជាបន្ទាន់។

លោកប្រធានមន្ទីរសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការអនុវត្តវិធានការ ៣-ការពារ និង ៣-កុំ ឱ្យមានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៨៩នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន ២៨នាក់ ព្យាបាលបានជាសះស្បើយបានចំនួន ៥២៧នាក់ ក្នុងនោះមានអ្នកជំងឺប្រភេទ Delta ដែលកំពុងសម្រាកព្យាបាល ៣៥៥នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់៕