(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta ចំនួន ៧នាក់ទៀត ធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទនេះសរុបកើនដល់ ៣៦នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បញ្ជាក់ថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ប្រភេទ Delta ចំនួន ២៩នាក់ លើពលករចំណាកស្រុកដែលមកពីប្រទេសថៃ ចំនួន ០២ករណី ពលករចំណាកស្រុកមកពីប្រទេសវៀតណាមចំនួន ២៥នាក់ និងករណីឆ្លងពីពលករចូលក្នុងសហគមន៍ ចំនួន ០២ករណី។ នៅថ្ងៃទី១៩ និងទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត បានទទួលលទ្ធផលវិភាគសំណាក់អ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មីមានចំនួន ០៧នាក់ ដែលជាពលករមកពីប្រទេសវៀតណាម ចំនួន ០៣នាក់ ពលករមកពីប្រទេសថៃ ចំនួន ០១នាក់ និងករណីឆ្លងចូលក្នុងសហគមន៍ចំនួន ០៣នាក់។ បច្ចុប្បន្នក្នុងខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) សរុបចំនួន ៣៦នាក់។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ២១ថ្ងៃដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ /០៨៨ ៧៨៣ ៦៦៦៦ ។
សូមប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាលថា ខេត្តស្វាយរៀង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ៕