(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១៥៣គ្រួសារ មកពីឃុំ ចំនួន១៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដី មិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩នេះ។

ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានក្រើនរំលឹក ក៏ដូចជាអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ «៣ការពារ គឺពាក់ម៉ាសនៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា» ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ១៩។

លោកអភិបាលខេត្ត ផ្តល់ជូនអំណោយដល់ប្រជាពលរដ្ឋទាំង១៥៣គ្រួសារ ខាងលើ រួមមាន៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង ២,០៦០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងក្រុមគ្រូពេទ្យផងដែរ៕