(ក្រចេះ)៖ ក្រុមការងារចម្រុះ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដខេត្ត នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះរៀបចំដាក់ទីតាំងនៅមុខផ្សារសាមគ្គី ក្រុងក្រចេះ ហើយបានប្រមូលអាជីវករលក់ដូរក្នុងផ្សារ និងអ្នកមានទីលំនៅជុំវិញផ្សារទាំងអស់មកយកសំណាក ធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ១៩ ដើម្បីឲ្យអស់មន្ទិលសង្ស័យ រក្សាបានសុវត្តិភាព សុខភាព និងដើម្បីផ្តាច់ចរន្ត នៃការចម្លងមេរោគកូវីដ១៩ ហើយជាលទ្ធផលមនុស្សចំនួន៣៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ។

ការរៀបចំយកសំណាកពីក្រុមអាជីវករ និងបងប្អូនរស់នៅជុំផ្សារខាងលើនេះ បានធ្វើឡើងក្រោយមានអាជីវករមួយចំនួន ត្រូវបានរកឃើញមានការឆ្លងជំងឺកូវីដជាបន្តបន្ទាប់។

នៅក្នុងឱកាសត្រួតពិនិត្យការយកសំណាកអាជីវករទាំងអស់ លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីបញ្ចៀសពីការសង្ស័យក្រែងមានបងប្អូនណាមានផ្ទុកនូវវីរុសកូវីដ១៩ ទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការ ហើយក៏ដោយ និងចៀសការឆ្លងរីករាលដាលកាន់តែខ្លាំងនោះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានរៀបចំយកសំណាកធ្វើតេស្តជូនបងប្អូន។

លោកបានបញ្ជាក់ទៀតថា ទោះពីបងប្អូនអាជីវករទាំងអស់ត្រូវបានយកសំណាក តែអាជ្ញាធរ ក៏មិនតម្រូវឲ្យមានការបិទផ្សារនោះទេ ដែលអាចប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ និងការទិញទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរ និងគណៈកម្មការផ្សារ បានធ្វើការរៀបចំ និងដាក់ចេញវិធានការសុខាភិបាលមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនរស់នៅតាមផ្ទះជុំវិញផ្សារសាមគ្គីក្រុងក្រចេះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីឲ្យអស់មានការមន្ទិលសង្ស័យ រក្សាបានសុខសុវត្ថិភាព ព្រោះថាការធ្វើតេស្តនេះមិនមានការឈឺចាប់ទេ សូមកុំខ្លាចសូម្បីតែកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នក៏គេធ្វើតេស្តរកមេរោគកូវីដ១៩ ជាប្រចាំផងដែរ។

បើតាមការបញ្ជាក់ពីរមន្រ្តី នៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យភ្នាក់ងារ Fresh News ថា ជាលទ្ធផលគិតមកត្រឹមវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២៣ ខែសីហា នេះរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ហើយ តែនៅមិនទាន់បញ្ចប់ការធ្វើតេស្តនៅឡើយទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤២០នាក់ ស្លាប់៩នាក់ និងនៅកំពុងសម្រាកព្យាបាលចំនួន១៤១នាក់។ រហូតម កដល់ពេលនេះ ខេត្តក្រចេះ មិនទាន់រកឃើញមានអ្នកឆ្លងជំងឺកូវីដប្រភេទដែលតានោះទេ៕