(ភ្នំពេញ)៖ នៅក្នុងសុន្ទរកថាមួយ ពេលទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឱ្យ មេដឹកនាំទាំងឡាយ នៅលើពិភពលោក ជ្រើសរើសយកមាគ៌ា សន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។
ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ត្រូវបានសហព័ន្ធអ្នកសារព័ត៌មាន អាស៊ាន (UMA) យកមកប្រគល់ជូន សម្តេច ហេង សំរិន នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ។
សម្តេច ហេង សំរិន បានថ្លែងថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូន ជនរួមជាតិ ជួយគាំទ្រយើងខ្ញុំតទៅទៀត។ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំទាំងឡាយ នៅក្នុងពិភពលោក ជ្រើសរើសយកមាគា សន្តិភាព សេរីភាព និងប្រជាធិបតេយ្យ ដើម្បីបង្កើតបរិយាកាសសុខសាន្ត សម្រាប់ប្រជាជនទាំងអស់លើសកលលោក ដែលចង់បានសន្តិភាព និងការអភិវឌ្ឍ»។
សូមជំរាបថា ក្រៅពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏ មកប្រគល់ពានរង្វាន់ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ការប្រគល់ពានរង្វាន់នេះជូនសម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅវិមានសន្តិភាព នាម៉ោង៣៖០០រសៀល ថ្ងៃទី២៩ ខែមីនានេះ។ ចំណែកឥស្សរជន៣រូបផ្សេងទៀត ដែលទទួលបានពានរង្វាន់នេះដែរនោះ រួមមាន លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ នឹងត្រូវប្រគល់ជូននៅថ្ងៃស្អែក៕