(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ របស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន តាមរយៈលោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ត្រូវបានលោក ថេង សុថុល អភិបាលខណ្ឌចំការមន យកមកផ្តល់ជូនបន្តទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ១៨៥នាក់ ទូទាំងខណ្ឌចំការមន ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានខណ្ឌចំការមន បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ឬមេរោគបំលែងថ្មី ដែលតា។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌចំការមន ក្រោមវត្តមានលោក ថេង សុថុល និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ ។
ជាមួយគ្នានេះ តាងនាមឲ្យប្រជាការពារ លោក ថេង សុថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ានី និងលោកស្រី តាមរយៈលោក ឃួង ស្រេង ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង ១៨៥នាក់ ស្មើ១៨៥កញ្ចប់ ដែលក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។
ក្នុងឱកាសនោះ លោក ថេង សុថុល បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។
លោកអភិបាលខណ្ឌ ក៏បានបន្តអំពាវនាវឲ្យកម្លាំងប្រជាករពារ បន្តចូលរួមអនុវត្តឲ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ដែលតា ដែលកំពុងតែចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ៕