(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ចាក់នៅតាមមណ្ឌលសុខភាព ដែលបានកំណត់ដោយអាជ្ញាធរ។
បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ «ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជ្រើសរើស យកមកចាក់ ជូនកុមារចាប់ពី១២ ដល់ក្រោម១៨ឆ្នាំនេះ គឺមានក្រុមអ្នកបច្ចេកទេស ធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់មានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរទៅដល់សុខភាពកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើយ ផ្ទុយទៅវិញវ៉ាក់សាំងបានផ្ដល់ប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុម ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំនេះ ដោយសារវ៉ាក់សាំង និងមានប្រសិទ្ធភាពរហូត ដល់៩៨ភាគរយឯណោះ»។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជា កំពុងប្រើប្រាស់សម្រាប់កុមារអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក ទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាពរួចហើយ ដោយបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ ថែមទៀត។ ដូច្នេះ ឪពុក ម្ដាយគ្រប់រូបឈប់ភ័យព្រួយ និងបារម្ភពីសុត្ថិភាពរបស់កូនៗ ទៅនឹងវ៉ាក់សាំង។
ជាទូទៅកុមារមានផលប៉ះពាល់ពីវ៉ាក់សាំង ស្រដៀងមនុស្សធំ ហើយនឹងបាត់ទៅវិញក្នុងរយៈពេល២ ឬ ៣ថ្ងៃ។
លោកបានបញ្ជាក់ថា ជាទំពាំងស្នងរបស់ប្រទេសជាតិ រាល់វ៉ាក់សាំងដែល ចាក់ជូនកុមារ គឺសុទ្ធតែជាផ្លូវត្រួសត្រាយជីវិតក្មេងៗ អាចវិលត្រឡប់មករក ភាពប្រក្រតីតាមបែបគន្លងថ្មី ជាពិសេសបញ្ឈប់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួន គ្រប់ប្រភេទដែលកំពុងរាតត្បាត ក្នុងសហគមន៍កាន់តែច្រើនឡើងៗ៕