(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ពីបទលួចនាំពលករខ្មែរ ឆ្លងដែនទៅធ្វើការដោយខុសច្បាប់ នៅប្រទេសថៃកន្លងមក។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឺត ពេត ហៅ ពឺន ពេត អាយុ៣៨ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាលោកវរសេនីយ៍ឯក ភឿង ម៉ាន់សិង្ហ, ការឃាត់ខ្លួនបុរសជាមេខ្យល់នេះ អនុវត្តតាមដីកាបង្គាប់របស់លោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យចុះចាប់ខ្លួនមេខ្យល់ម្នាក់ ជាប់ចោទពីបទនាំពលករចេញទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់កន្លងមក។ ការចាប់ឃាត់ខ្លួនមេខ្យល់បាននៅវេលាម៉ោង១០ព្រឹក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សិង្ហ បានបន្តទៀតថា ជននេះជាមេខ្យល់នាំពលករចេញទៅប្រទេសថៃយ៉ាសកម្មដោយខុសច្បាប់ ទើបតែថ្ងៃនេះត្រូវបានកម្លាំងនគរបាលបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តង៕