(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់។

ក្នុងលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយ។

កត្ដានេះតម្រូវឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឲ្យបានទាន់ពេលវេលានៅតាមទីតាំង ដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឲ្យបានគ្រប់ៗគ្នា។

គ.វ.ក-១៩ ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួន មិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេសហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុ ផ្សេងៗទៀត) ដូចនេះសូមអភិបាលរាជធានី-ខេត្ត ចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួល ទៅទទួលយកសេវាចាក់វ៉ាក់សាំងវីដ-១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក
មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀត ដែលអាចផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមក
ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ គ.វ.ក-១៩ សូមស្នើឲ្យអភិបាលរាជធានី-ខេត្ត ចេញសេចក្តីជូនព័ត៌មានឲ្យបានទូលំទូលាយ និងញឹកញាប់អំពីទីតាំង និងកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឲ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា។

លើសពីនេះ សូមផ្សាយជូនសាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗ ដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋ
ងាយស្រួលធ្វើការទំនាក់ទំនងបាន៕