(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តផ្ដាំផ្ញើតាមរយៈលោក ជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ មានជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ចំនួន៦០គ្រួសារបន្ថែមទៀតហើយ ដែលរស់នៅសង្កាត់ច្រាំងចំរេះទី១ សង្កាត់ស្វាយប៉ាក និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី២០-២១-២២ ខែសីហា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌៣ថ្ងៃនេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការផ្លាស់ប្ដូរទម្លាប់ធ្វើការងារ និងការរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ១៩។

លោកប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ក៏បានដាស់តឿនបន្ថែមទៀត ឱ្យប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

សូមជម្រាបថា សម្រាប់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយៈលោក ជា ពិសី ដែលបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ងាយរងគ្រោះទាំង ៣សង្កាត់ (៦០គ្រួសារ) គឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ត្រីខ០១យួរ, ទឹកស៉ីអ៉ីវ០១យួរ និងថវិកាមួយចំនួន ស្មើៗគ្នា៕