(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច បានឧបត្ថម្ភថវិកា១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយសមាគមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។
ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈដើម្បីផ្តល់លទ្ធភាពឲ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខណៈដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕