(បាត់ដំបង)៖ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបង លោក ហេង លុយ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យកន្លែងស្តុកដំឡូងមី មួយកន្លែងយីហោ «ហុងហាន» ស្ថិតនៅចំណុចភូមិអូរចំណិត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង សង្ស័យលាយជាមួយដីខ្សាច់ រួចថ្លឹងលក់លក់ឲ្យឈ្មួញថៃ។
សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការមួយនេះ បានឲ្យដឹងថា នៅយប់មិញម្ចាស់ឃ្លាំងទិញទំនិញកសិផល ១កន្លែងមានផ្លាកយីហោ «ហុងហាន» បានបែកធ្លាយរឿងលក់ដំឡូងមី មានលាយដីខ្សាច់បន្លំ លក់ឲ្យឈ្មួញថៃ ហើយឈ្មួញថៃនោះបានមកប្តឹងសមត្ថកិច្ច ស្រុកសំពៅលូន ឲ្យជួយអន្តរាគមន៍។
លុះព្រឹកនេះលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យ មើលទីតាំងសៃឡូ ព្រមទាំង បានធ្វើការឃាត់ខ្លួនម្ចាស់កម្មសិទ្ធឈ្មោះ ហុង ហាន អាយុ៥៤ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ភូមិតាស្តាស្រុកសំពៅលូន ព្រមទាំងកម្មករ ២នាក់ផងដែរ។ កម្មករទាំងនេះរួមមាន ទី១-ឈ្មោះ សុំ ខន អាយុ២៧ឆ្នាំ ទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូននិងទី២-ឈ្មោះ ងួន បុល អាយុ៣២ឆ្នាំ ទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនម្ចាស់សៃឡូ ឈ្មោះ ហុង ហាន និងកម្មករ២នាក់ទៀត កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកសំពៅលូននៅឡើយ៕