(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។
ការកោតសរសើរបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងដែលលោករួមជាមួយលោកស្រី យឹម ឆៃលីន បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅឱ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ហ៊ុន ម៉ានី ក៏នៅតែជំរុញឱ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថាកូវីដ១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឱ្យបាន។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី និងលោកស្រីដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគនិ ងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់ ៣០៥២កញ្ចប់ ដែលក្នុង ១កញ្ចប់ មានថវិកាចំនួន ២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់ ៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)។
លោក ឃួង ស្រេង បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩នេះ។
លោកបានបញ្ជាក់ថា រាជធានីភ្នំពេញ បានផ្ទុះការរីករាលដាលកូវីដ១៩ធំ ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង។
លោកបានឱ្យដឹងថា ថ្ងៃទី២២ សីហាម្សិលមិញនេះ ជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ៦៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ផងដែរថា ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាអំណោយរបស់លោក និងភរិយា ព្រមទាំងសប្បុរសជន ហើយនេះមិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕