(ភ្នំពេញ)៖ គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងចាប់ផ្តើម សាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ដោយគ្រោងប្រើរយៈពេល ៣២ខែ និងចំណាយទឹកប្រាក់ ៧៨ ៣៩៨ ៧៤១.៥៣ ដុល្លារអាមេរិក ដែលទឹកប្រាក់នេះជាឥណទានសម្បទានពីមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាសាងសង់នៃគំរោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤៨ជាមួយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំឱ្យក្រុមហ៊ុនកូរ៉េ ត្រូវធ្វើការសាងសង់ផ្លូវឱ្យបានជាប់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ការសាងសង់ផ្លូវនៅក្នុងប្រទេសកូរ៉េ គឺបានជាប់រឹងមាំល្អ ហើយលោករំពឹងថា ក្រុមហ៊ុនសាងសង់ក៏នឹងអាចសាងសង់ ផ្លូវនៅក្នុងប្រទេសកម្ពុជា បានជាប់រឹងមាំ ដូចនៅក្នុងប្រទេសកូរ៉េដែរ ដោយលោកនឹងយកមូលដ្ឋានសាងសង់ផ្លូវនៅកូរ៉េជាគោល ក្នុងការវាស់វែងការសាងសង់ផ្លូវ នៅកម្ពុជាដូចគ្នាដែរ។
សូមជម្រាប់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ នឹងត្រូវពង្រីកទទឹងផ្លូវពី ២គន្លង ទៅ ៤គន្លង ប្រវែង ២៥គីឡូម៉ែត្រ និងរក្សាទទឹងផ្លូវ ០២គន្លង ប្រវែង ១២៣គីឡូម៉ែត្រ ដោយផ្អែកតាមទិដ្ឋភាពបច្ចេកទេស ពីទំហំចរាចរណ៍ក្នុងរង្វង់ ៥ឆ្នាំទៅ ១០ឆ្នាំទៅមុខទៀត និងផលប៉ះពាល់សង្គម និងបរិស្ថានផងដែរ។ គម្រោងលើកកម្រិតផ្លូវជាតិលេខ ៤៨ នេះសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture, ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Ventur, សរុបទឹកប្រាក់គម្រោង ៧៨ ៣៩៨ ៧៤១.៥៣ ដុល្លារអាមេរិក ក្នុងនោះមាន ៥៩ ១៤៦ ៧៤១.៥៣ ដុល្លារអាមេរិកជាតម្លៃគម្រោងសាងសង់, ទឹកប្រាក់ ៦,០០០,០០០ ដុល្លារអាមេរិក ជាតម្លៃសិក្សា និងត្រួតពិនិត្យគម្រោង និងថវិកា ១៣,២៥២,០០០ដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករផ្សេងៗ។
គម្រោងនេះនឹងធ្វើការកែសម្រួលចំណុចផ្លូវប្រសព្វ ចំនួន ០៥កន្លែង សាងសង់ស្ពានថ្មីចំនួន ០៤កន្លែង ដាក់លូមូលបេតុង ១៤០កន្លែង និងលូប្រអប់ ១៥កន្លែង។
ផ្លូវជាតិលេខ៤៨ ដែលបំបែកចេញពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជាទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងក្រុងដាវ៉េ (Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិលេខ ៤៨ នេះក៏មានតំបន់សេដ្ឋកិច្ចពិសេស SEZចំនួន ០៤កន្លែង៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា (Ratana SEZ) ព្រមទាំងមានតំបន់ទេសចរណ៍គិរីសាគរ។
គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖ ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន, បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរ តាមរយៈបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ, ជម្រុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាងផងដែរ៕