(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រគល់កញ្ចប់ជំនួយដែលជាអំណោយរបស់លោក ព្រមទាំងសប្បុរសជននានា សម្រាប់ចែកជូនប្រជាការពារ និងកងកម្លាំងប្រដាប់ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ប្រគល់ជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានី។
អំណោយដែលបានរៀបចំជាកញ្ចប់រួចជាស្រេចនេះ រួមមានក្នុងកញ្ចប់ មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកដោះគោខាប់ ៤កំប៉ុង, ឈុតថ្នាំដុសធ្មេញ និងសាប៊ូ និងថវិកាមួយចំនួនផងដែរ សរុប៣,០៧៥កញ្ចប់។
ថ្លែងក្នុងពិធីប្រគល់អំណោយនេះផងដែរ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរសាលារាជធានីគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ ដែលបានខិតខំ មមាញឹកទាំងថ្ងៃ យប់ បំពេញភារកិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់ការឆ្លងរាលដាលក្នុសហគមន៍នៃជំងឺកូវីដ ១៩។
លោកបានសង្កត់ធ្ងន់ថា កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនកូវីដ១៩ ក្នុងពេលកូវីដ១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក្នុងនាមរដ្ឋបាលរាជធានី និងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់សូបថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងក្រុមគ្រួសារដែលជានិច្ចជាកាលតែងតែបានផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់ដល់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស ក្នុងដំណាក់កាលនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ កាយវិការដ៏ប្រពៃនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំដែលបានផ្តល់ភាពកក់ក្តៅដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕