(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីអត្ថប្រយោជន៍សម្រាប់បរធនបាលទាយក និងអត្ថគាហកៈ។

ខាងក្រោមនេះជាការពន្យល់ទាំងស្រុងរបស់និយ័តករបរធនបាលកិច្ច៖

យោងតាមច្បាប់ ស្តីពីបរធនបាលកិច្ច (២០១៩) បរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីភាគីសំខាន់ចំនួន៣គឺ បរធនបាលទាយក, បរធនបាល, និងអត្ថគាហកៈ ព្រមទាំងអាចមានភាគីចូលរួមផ្សេងទៀត។

តាមការបង្កើតបរធនបាលកិច្ច បរធនបាលទាយក និងអត្ថគាហកៈនៃបរធនបាលកិច្ច នឹងទទួលបានផលប្រយោជន៏ រួមមាន៖

១-សិទ្ធិរបស់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច ក្នុងការរៀបចំ ចាត់ចែង និងផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន តាមសណ្តាប់ធ្នាប់ ជាសារធារណៈទៅឱ្យអត្ថគាហកៈ តាមគោលបំណងដែលខ្លួន ចង់បានដោយមានការគ្រប់គ្រង និងចាត់ចែងត្រឹមត្រូវដោយបរធនបាល ដែលទទួលបានអាជ្ញាបណ្ណទទួលស្គាល់ ពីនិយ័តករបរធនបាលកិច្ច (ន. ប. ធ) ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ។

២-ការការពារបរធន ឬទ្រព្យសម្បត្តិ ដែលបានផ្ទេរចូលក្នុងបរធនបាលកិច្ច ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន ប្រកបដោយសណ្តាប់ធ្នាប់ របៀបរៀបរយជាសាធារណៈ ដោយមានអាជ្ញាធរមានសមត្ថកិច្ចច្បាស់លាស់ ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ជាអតិបរមាដល់ម្ចាស់ទ្រព្យ ឬបរធនបាលទាយក និងអ្នកទទួលផល ឬអត្ថគាហកៈ។

៣-អត្ថគាហកៈ មានសិទ្ធិទទួលផលប្រយោជន៍ពេញលេញ ពីបរធនបាលកិច្ច ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន និងទៅតាមគោលបំណងរបស់បរធនបាលទាយក។ សិទ្ធិ និងកាតព្វកិច្ចរបស់បរធនបាលទាយក, បរធនបាល និងអត្ថតាហកៈ មានចែកលម្អិតនៅក្នុងច្បាប់ ស្តីពីបរធនបាលកិច្ច (២០១៩)៕