(ភ្នំពេញ)៖ ក្នុងដំណើររាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់ខេត្តស្ទើរមួយចំហៀងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃពេញនោះ អំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះលោកតា លោកយាយដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ត្រូវបានយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់ បន្ទាប់ពីបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
បេសកកម្មរយៈពេល៤ថ្ងៃនេះ គឺផ្ដើមចេញនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាផងដែរ។
បេសកកម្មថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៩ ខែសីហា លោកតា លោកយាយ ដែលទទួលបានអំណោយមនុស្សរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈបេសកកម្មពេញមួយថ្ងៃនេះ រួមមាន៖
* ទី១៖ លោកយាយ ផាត់ ស៊ន់ អាយុ១០១ឆ្នាំ រស់នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី២៖ លោកតា នង សន អាយុ១០១ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៣៖ លោកយាយ មាស ហ៉ីន អាយុ១០៣ឆ្នាំ (ប្រពន្ធលោកតា នង សន)
* ទី៤៖ លោកយាយ សាន់ ម៉ៃ សុំ អាយុ១០៣ឆ្នាំ រស់នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៥៖ លោកយាយ ក្លោង ខិល អាយុ១០០ឆ្នាំ (ជនជាតិភាគតិចទំពួន) រស់នៅភូមិបក ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
បេសកកម្មថ្ងៃទី២ ត្រូវនឹងថ្ងៃទី២០ ខែសីហា លោកតា និងលោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖
* ទី១៖ លោកយាយ លី កាន់តាយ អាយុ១០៩ឆ្នាំ ជនជាតិខ្មែរកាត់ចិន រស់នៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី
* ទី២៖ លោកយាយ ច្រលែក ប្លី អាយុ១០៨ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី
* ទី៣៖ លោកតា ក្រឡា មេន អាយុ១០២ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី។
បេសកកម្មថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា លោកតា និងលោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖
* ទី១៖ លោកយាយ សួន ស អាយុ១០០ឆ្នាំ រស់នៅភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង
* ទី២៖ លោកតា តេង រាជ អាយុ១០៤ឆ្នាំ រស់នៅភូមិអង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង
* ទី៣៖ លោកយាយ ឯក ប៉ូ អាយុ១០០ឆ្នាំ រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
បេសកកម្មថ្ងៃទី៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា លោកតា និងលោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះរួមមាន៖
* ទី១៖ លោកតា ហេង វេង អាយុ១០១ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង
* ទី២៖ លោកតា ម៉ៅ ជិន អាយុ១០០ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង
* ទី៣៖ លោកយាយ សៀវ ជូ អាយុ១០០ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង
* ទី៤៖ លោកតា នៅ ឯក អាយុ១០០ឆ្នាំ រស់នៅភូមិកោះពាមរាំង ឃុំកោះជ័យ ស្រុកពាមជរ ខេត្តព្រៃវែង
* ទី៥៖ លោកតា ហួត ជួប អាយុ១០០ឆ្នាំ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
គួរជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។
បើតាមការសាកសួរ ពីសំណាក់លោកស្រី ឱ វណ្ណឌីន ទៅកាន់លោកតា លោកយាយ ឬក្រុមគ្រួសាររបស់ពួកគាត់ បានបញ្ជាក់ថា ពួកគាត់ហាក់មានសុខភាពល្អ ជាងកាលពីពេលមិនទាន់បានចាក់វ៉ាក់សាំង ទាំងការសំរាន និងការហូបចុកប្រចាំថ្ងៃជាដើម ដែលធ្វើឲ្យកូនចៅរបស់គាត់ មានក្ដីសប្បាយរីករាយជាខ្លាំង។ ពួកគាត់ក៏មានជំនឿចិត្តថា វ៉ាក់សាំងនេះនឹងជួយការពារគាត់ពីជំងឺកូវីដ១៩។
លោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលបានចូលរួមក្នុងបេសកកម្មនេះដែរនោះ ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយជាមួយលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំ ហើយពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ និងទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះផងដែរ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan ក៏បានស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យលោកតា លោកយាយ អាចទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈពួកគាត់គឺជាជនដែលមានហានិភ័យខ្ពស់ ប្រសិនបើវីរុសដ៏កាចសាហាវមួយនេះ វាយលុកលើរូបរាងកាយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៦៩នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចំនួននេះនៅមិនទាន់អស់នៅឡើយទេ ហើយក្រុមការងារដែលដឹកនាំដោយ លោកស្រី ឱ វណ្ណឌីន ក៏កំពុងត្រៀមដើម្បីយកទៅប្រគល់ជូនលោកតា លោកយាយ ដែលនៅសេសសល់ទៀតផងដែរ៕