(ភ្នំពេញ)៖ ផ្សារទំនើបសូវិយា ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានរៀបចំផ្លាស់ប្តូរឈ្មោះថ្មី និងរចនាសម្ព័ន្ធ និងទម្រង់ថ្មី ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែង ជាមួយផ្សារទំនើបនានា ដែលរំលេចខ្លួនឡើងនៅទីក្រុងភ្នំពេញ។
ការប្រកាសឈ្មោះថ្មីនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងសន្និសីទសារព័ត៌មាន នាវិមានកាណាឌីយ៉ា ជាន់ទី១២ ដោយប្តូរឈ្មោះ ពីផ្សារទំនើបសូរិយា ទៅជា សូរិយា សេនធ័រ ភ័នធ៍ (Sorya Center Point)។
លោក វ៉ាន់ ឆារស៍ជួន តំណាងម្ចាស់ភាគហ៊ុន នៃ Sorya Center Point បានថ្លែងថា ផ្សារទំនើបសូរិយា ជាផ្សារទំនើបដំបូងគេបំផុត ក្នុងកម្ពុជា។ ផ្សារទំនើបសូរិយា ត្រូវបានអនុញ្ញាតឲ្យសាងសង់ ដោយរាជរដ្ឋាភិបាលកម្ពុជា និងដាក់ឲ្យដំណើរការនៅឆ្នាំ២០០៣ ក្នុងផ្ទៃក្រឡាសរុបប្រមាណ៤០.០០០ម៉ែត្រការ៉េ និងមានកម្ពស់៨ជាន់ ជាផ្សារទំនើបដំបូងគេ ដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងមានទីធ្លាចតរថយន្តដ៏ធំទូលាយ។
លោកបន្តថា ក្នុងរយៈពេលជាងមួយទសវត្សន៍កន្លងមកនេះ ផ្សារទំនើបសូរិយាបានចូលរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ការសាងសង់ផ្សារទំនើបសូរិយា ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភណ្ឌភាពរាជធានី និងទាក់ទាញភ្ញៀវទេសចរផងដែរ។
លោក វ៉ាន់ ឆារស៍ជួន បានលើកឡើងថា ស្របតាមផែនការកែទម្រង់ និងកែលម្អនេះ ផ្សារទំនើបសូរិយា នឹងត្រូវបានប្តូរឈ្មោះទៅជា Sorya Center Point ដែលក្នុងនោះបានបែងបែកប្រភេទទំនិញ ទៅតាមជាន់នីមួយៗ៖
-ជាន់ផ្ទាល់ដី៖ ប្រជុំទៅដោយផលិតផលម៉ាកល្បីៗទំាំងក្នុង និងក្រៅប្រទេស ដែលក្នុងរួមមានភោជនីយដ្ឋាន ហាងលក់គ្រឿងអលង្ការ គ្រឿងសម្អាង ផ្សារទំនើប ធនាគារ និងជាទីប្រជុំជន ដែលពារពេញទៅដោយផាសុកភាព។
-ជាន់ទី១៖ គ្រឿងប្រើប្រាស់សម្រាប់នារី សម្លៀកបំពាក់ កាបូប ស្បែកជើង។ល។
-ជាន់ទី២៖ គ្រឿងប្រើប្រាស់សម្រាប់បុរស និងកុមារ ព្រមទំាំងមានមណ្ឌលកម្សាន្តសម្រាប់កុមារតូចៗផងដែរ។
-ជាន់ទី៣៖ គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។
-ជាន់ទី៤៖ អាហារដ្ឋាន និងផ្សារទេសចរណ៍ ។
-ជាន់ទី៥៖ រោងភាពយន្ត និងមណ្ឌលកម្សាន្ត ព្រមទំាងបន្ថែមឲ្យមាននូវក្លឹបហាត់ប្រាណ ស្ទីម និងសោណាផងដែរ៕