(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានចុះជួបជាមួយប្រជាកសិករដែលដាំដុះបន្លែបង្ការគ្រប់មុខនៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅដែលកំពុងមានបញ្ហាប្រឈមក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

លោកស្រីអភិបាលខេត្ត បានសន្យាប្រមូលទិញបន្លែបង្ការ មិនឲ្យកកស្ទះឡើយ។ លោកស្រីក៏បានស្នើសុំឲ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្មធ្វើការផ្ដល់ប្រឹក្សាទាំងបច្ចេកទេសទាំងពូជដំណាំជូនប្រជាកសិករ ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការផលិតឲ្យបានទាំងបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងខេត្តប៉ៃលិន ក៏ដូចជាការកាត់បន្ថយការនាំចូលពីក្រៅប្រទេស ពិសេសត្រូវដាំប្រភេទដំណាំបន្លែឆ្លាស់គ្នា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្រួលបន្ទុកនៃការលំបាករបស់ប្រជាកសិករ ដែលរងផលប៉ះពាល់សម្រាប់ផលិតផលមៀនខេត្តប៉ៃលិនកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទិញផ្លែមៀនដែលមានការកកស្ទះដែលពុំអាចនាំចេញទៅក្រៅប្រទេសបាន សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលនេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសម្រួលការលំបាករបស់ប្រជាកសិករ។

សម្រាប់ខេត្តប៉ៃលិន អភិបាលខេត្តប៉ៃលិន ក៏បានបញ្ជាទិញផ្លែមៀន គិតរហូតមកដល់ពេលនេះបានចំនួន ១០តោនជាង និងនៅបន្តទិញផងដែរ ដើម្បីចែកជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមគោលដៅចត្តាឡីស័ក និងគោលដៅព្យាបាលនៅក្នុងខេត្តប៉ៃលិនក៏ដូចជាក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការងារយ៉ាងសកម្មទៅតាមគោលដៅផ្សេងៗផងដែរ៕