នីការ៉ាហ្គ័រ បញ្ជាក់ថា មានករណីឆ្លងមេរោគ Zika ចំនួន១២៩ករណី ខណៈនៅទូទាំងពិភពលោកកើនដល់១១២៧ករណី
29-03-2016 11:19
(នីការ៉ាហ្គ័រ)៖ រដ្ឋាភិបាលនៃប្រទេសនីការ៉ាហ្គ័រ បានបញ្ជាក់ឲ្យដឹងជាផ្លូវការ នៅព្រឹកអង្គារនេះថា ករណីឆ្លងមេរោគ Zika បានកើនឡើងដល់ ១២៩ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន៣នាក់បន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា។
លោក Rosario Murillo អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងមេរោគ Zika ទាំងអស់មាន១៤នាក់ ជាស្ត្រីមានផ្ទៃពោះ និងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះមានស្ត្រីមួយចំនួន កំពុងស្ថិតក្នុងស្ថានភាព ល្អប្រសើរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៧ ខែមីនាកន្លងទៅនេះករណីឆ្លងមេរោគ Zika បានកើនឡើងដល់ ១,១២៧ករណី។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួនឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕