(ពោធិ៍សាត់)៖ បុរសម្នាក់ខណៈកំពុងដើរ ចូលព្រៃបេះផ្កា មកលក់ស្រាប់តែ ជាន់មីនដាច់ប្រអប់ជើងខាងឆ្វេង នៅចំណុចចំណោត៨៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ។
លោកវរសេនីយ៍ទោ ម៉ោញ កត្តាផល នាយស្នាក់ការក២ កងទ័ពជើងគោក ប្រចាំខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៀង ណាន អាយុ៥៥ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើតនៅ ភូមិគីឡូម៉ែត្រដប់ពីរ ឃុំកោះតូច ស្រុកកំពត ខេត្តកំពត បច្ចុប្បន្នរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង។
ជនរងគ្រោះបានដើរជាន់មីនបណ្តាលឲ្យដាច់ប្រអប់ជើងខាងឆ្វេង នៅនឹងកន្លែងកើតហេតុ ខណៈកំពុងដើរ ក្នុងព្រៃមួយកន្លែង ដើម្បីរុករកផ្កាមកលក់ចញ្ចឹមជីវិត ។
លោកវរសេនីយ៍ទោ បានឲ្យដឹងដែរថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខាងលើនេះ ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដី តាំងពីសម័យសង្គ្រាមមកម្ល៉េះ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ៕