(បាត់ដំបង)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អមដំណើរដោយអភិបាលខេត្តបាត់ដំបង, ប្រធានក្រុមប្រឹក្សាខេត្ត, មេបញ្ជាការយោធភូមិភាគ៥ និងមន្ទីរជុំវិញខេត្តបាត់ដំបងជាច្រើនទៀត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបន្តចុះដល់ចំការផ្លែមៀន (តាង៉ែន) នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការ ដោយផ្ទាល់តែម្តង គឺដើម្បីចង់រកកសិករម្ចាស់ចំការ ជួបបញ្ហាពិតប្រាកដ ដែលកំពុងជួបការលំបាករកទីផ្សារលក់កសិផល។
ម្ចាស់ចំការមានប្តីឈ្មោះ សែន ស៊ីថា និងប្រពន្ធឈ្មោះ ឈុន សុខគីម ដែលស្ថិតនៅភូមិ បឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បន្តដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងថែរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន (តាង៉ែន) របស់ប្រជាកសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញបាន នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលផងដែរ៕