(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី រួមដំណើរដោយលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងមន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញទៅចូលរួមពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនក្មួយៗយុវវ័យមានអាយុចន្លោះពី ១២ ដល់ ១៧ឆ្នាំ ដែលរៀបចំឡើងដោយក្រុមការងារចំរុះរបស់ខេត្ត នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តក្រចេះ។
ថ្លែងមតិសំណេះសំណាលជាមួយក្មួយៗប្រមាណជាង ៣០០នាក់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានលើកឡើងពីក្តីសោមនស្សរីករាយយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះប្រមាណជាង ១៧ម៉ឺននាក់ គឺស្មើជិត ៨០ភាគរយ ដែលបាននិងកំពុងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
ពេលនេះទៀតសោត ក្មួយៗយុវវ័យកូនចៅប្រជាជនខេត្តក្រចេះទាំងមូលដែលមានប្រមាណជាង ៦ម៉ឺននាក់ កំពុងចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ធ្វើឱ្យក្មួយៗមានក្តីសប្បាយរីករាយ ត្រេកអរជាខ្លាំង ដើម្បីត្រៀមខ្លួនវិលត្រឡប់ទៅកាន់សាលារៀនរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនាសាលប្រជុំគណបក្សខេត្ត ក្រុមការងារខេត្តក្រចេះ ក៏បានជួបប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ ក្នុងក្រុងក្រចេះ ដើម្បីពិភាក្សាលើផែនការសកម្មភាពការងារជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់បន្ថែមទៀតពីសារៈសំខាន់មានអត្ថន័យស្លាប់រស់នៃយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ-១៩ និងចលនាជាតិរួមគ្នាដោះស្រាយផលប៉ះពាល់ពីជម្ងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវនេះ ដែលយើងទាំងអស់គ្នាត្រូវពុះពាររាល់បញ្ហាប្រឈមបន្តចូលរួមគាំទ្រ និងអនុវត្តយ៉ាងសកម្មបំផុត ដោយត្រូវចាត់ទុកថានោះជាភារកិច្ចនយោបាយដ៏ចំបង ដើម្បីបុព្វហេតុសុខសន្តិភាព និងអភិវឌ្ឍនភាពយូរអង្វែងរបស់កម្ពុជា។
យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំលើចលនាជាតិដែលកំពុងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជនទូទាំងប្រទេសប្រយុទ្ធឈ្នះកូវីដ-១៩ ក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាពិតជាសំរេចបានជោគជ័យទាំងស្រុងជាក់ជាមិនខាន ដើម្បីសុខុមាលភាព និងវិបុលភាពរបស់ប្រជាជន និងសង្គមជាតិយើង៕