(ស្វាយរៀង)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំង បានបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៣នាក់នៅស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ។
ក្នុងបេសកកម្មមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោកតា លោកយាយដែលមានអាយុ១០០ឆ្នាំឡើងលើកនេះរបស់លោកស្រី ឱ វណ្ណឌីន ក៏មានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។
លោកតា និងលោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖
* ទី១៖ លោកយាយ សួន ស អាយុ១០០ឆ្នាំ រស់នៅភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង
* ទី២៖ លោកតា តេង រាជ អាយុ១០៤ឆ្នាំ រស់នៅភូមិអង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង
* ទី៣៖ លោកយាយ ឯក ប៉ូ អាយុ១០០ឆ្នាំ រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
គួរជម្រាបថា ក្នុងពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ អំណោយដែលទទួលបានក្នុងឱកាសនោះ រួមមាន ថវិកា ចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។
បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយជាមួយលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំ ហើយពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ និងទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះផងដែរ។
សូមជម្រាបថា បើតាមផែនការដែលបានគ្រោងទុក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោកស្រី ឱ វណ្ណឌីន នឹងបន្ដដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តព្រៃវែង ចំនួន៥នាក់បន្ថែមទៀត៕