(ឡាហាវ៉ាន់)៖ មេដឹកនាំបដិវត្តន៍គុយបា លោក ហ្វីឌែល ខាស្ត្រូ (Fidel Castro) ហាក់បង្ហាញភាពស្ងប់ស្ងាត់ក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយក្នុងនោះលោក ខាស្ត្រូ បានលើកឡើងខ្លីៗថា «លោក អូបាម៉ា បាននិយាយពាក្យផ្អែមល្ហែមណាស់ ប៉ុន្តែវាបានបង្កប់នូវខ្លឹមសារសំខាន់ៗមួយចំនួនតូចប៉ុណ្ណោះ»។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
ក្រោយទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់ប្រទេសគុយបាជាលើកដំបូង កាលពីថ្ងៃទី ២០ ដល់២២ ខែមីនា កន្លងទៅនេះ លោក ខាស្ត្រូ ទើបតែថ្លែងសារមួយឆ្លើយតបទៅនឹងលទ្ធផលក្រោយ ទស្សនកិច្ចដ៏កម្របំផុតនេះ។ មេដឹកនាំបដិវត្តន៍គុយបា បានឲ្យដឹងដូច្នេះថា «ការថ្លែងរបស់លោក បារ៉ាក់ អូបាម៉ា ពិតជាបានសម្តែងចេញនូវពាក្យសម្តីដ៏ផ្អែមពីរោះជាច្រើន ដូចជា៖ វាដល់ពេលហើយ សម្រាប់ពេលនេះ ក្នុងការបំភ្លេចអតីតកាលហើយចាប់ផ្តើមកសាងក្តីសង្ឃឹមនៃអនាគតថ្មីជាមួយគ្នា»។
លោក ខាស្ត្រូ ហាក់សម្តែងក្តីខកចិត្តបន្តិចចំពោះការលើកឡើងជារួមរបស់លោក អូបាម៉ា ដោយក្នុងនោះក្នុងនាមបុរសខ្លាំងគុយបា លោកហ៊ានអះអាងថា អាមេរិកនៅតែមិនបានបញ្ជាក់ពី ការឆ្លើយតបសំណូមពរសំខាន់ៗរបស់គុយបានៅឡើយ។ មេដឹកនាំគុយបាពិតជាដឹងថា គ្រប់គ្នាស្ទើរតែគាំងបេះដូងទៅហើយ ក្រោយពីបានឮពាក្យទាំងនោះពីមេដឹកនាំអាមេរិក ប៉ុន្តែគុយបា ត្រូវការការដោះស្រាយបញ្ហាជាក់ស្តែង និងការទទួលខុសត្រូវចំពោះភាពពិតនៃអតីតកាល៕