(ភ្នំពេញ)៖ មេបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅថ្ងៃនេះបានចេញមកវាយប្រហារលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទៀតហើយ ដោយហៅលោក សម រង្ស៊ី ថា ជាមេបក្សធ្វើនយោបាយបែបសត្វអំពិលអំពែកធ្វើឲ្យអ្នកគាំទ្រវេទនា ស្លាប់ របួស គ្រប់អាណត្តិ។
លោក សួន សេរីរដ្ឋា បានសរសេរនៅលើ Facebook របស់ខ្លួននាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា លោក សម រង្ស៊ី មិនដែល បានដាក់ចេញនូវយុទ្ធសាស្រ្ត ដើម្បីដណ្តើមអំណាចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះឡើយ ក្រៅតែពីឈរ ស្រែកជយោ! និងស្រែកអួតថា ឈ្នះហើយ! នៅចំពោះមុខអ្នកគាំទ្រប៉ុណ្ណោះ។
លោក សួន សេរីរដ្ឋា បានលើកឡើងដូច្នេះ «សម រង្ស៊ី មើលមកគណបក្សដែលគ្មានកៅអីក្នុងសភាថាជា គណបក្សអំពិលអំពែក តែមិនដែលមើលឃើញនិងទទួលស្គាល់ខ្លួនឯងថា ធ្វើនយោបាយបែបសត្វអំពិលអំពែក ម្តងប្រឆាំង ម្តងស្រប ធ្វើឲ្យតែអ្នកគាំទ្រវេទនា ស្លាប់ របួស គ្រប់អាណត្តិនោះទេ។ ក្រៅពីឈរស្រែក ជយោ និងស្រែកអួតថា អាណត្តិក្រោយយើងឈ្នះហើយ នៅចំពោះមុខអ្នកគាំទ្រនោះ មេបក្សប្រឆាំងអំពិលអំពែកនេះ មិនដែលមានយុទ្ធសាស្ត្រនយោបាយអី ដើម្បីយកឈ្នះ លោក ហ៊ុន សែន ឡើយ»។
លោក សួន សេរីរដ្ឋា បានលើកឡើងទៀតថា បើពលរដ្ឋខ្មែរនៅតែបន្តគាំទ្រលោក សម រង្ស៊ី តទៀតនោះ ការចង់បានការផ្លាស់ប្តូរនឹង គ្មានលទ្ធផល គឺប្រៀបដូចជាយកទឹកទន្លេ ទៅដាំរំងាស់យកអំបិល៕