(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនត្រូវបានលោកលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីកងកម្លាំងនគរបាលក្រោមឱវាទ បាននាំយកទៅឧបត្ថម្ភដល់លោកយាយ សំ រី ជន្មាយុ៨៣ឆ្នាំ ដែលជាជនទុរគតលក់លៀសហាល។
លោយយាយកំពុងស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោកអធិការខណ្ឌ ក៏បាននាំអំណោយប្រគល់ជូនដល់អ្នកស្រី លី រ៉ានី អាយុ៥០ឆ្នាំ រងគ្រោះដោយប្ដីជះទឹកអាសុីតដាក់ ដែលកំពុងស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផងដែរ។
ការនាំយកអំណោយនេះ ក៏មានចូលរួមដោយលោកនាយ នាយរងប៉ុស្តិ៍កាកាបទី១, ទី២ និងចោមចៅទី១ ព្រមទាំងមន្រ្តីនគរបាលខណ្ឌ បាននាំយកអំណោយទាំងនេះ ទៅជូនអ្នកទាំង២ដល់កន្លែងស្នាក់នៅ កាលពីវេលារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។
បើតាមមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា សម្រាប់លោកយាយ សំ រី ទទួលបានអង្ករ១បាវ ទម្ងន់២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអ៊ីវ១យួរ ត្រីខ១យួរ ទឹកផ្លែឈើ១កេស និងថវិកាចំនួ៦០ម៉ឺនរៀល។ ដោយឡែកអ្នកស្រី លី រ៉ានី ទទួលបានអង្ករ ៦០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអ៊ីវ១យួរ ត្រីខ១យួរ ទឹកផ្លែឈើ១កេស និងថវិកា ចំនួន៣០ម៉ឺនរៀល។
លោក ម៉ន វុធី បានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មាន Fresh News ចុះផ្សាយអំពីលោកយាយ សំ រី អាយុ៨៣ឆ្នាំទៅហើយនៅតែតស៊ូទាំងជរាពាធ លក់លៀសហាលរកប្រាក់ចិញ្ចឹមជីវិតទៀត។ រីឯអ្នកស្រី លី រ៉ានី រងគ្រោះដោយប្ដីជះទឹកអាសុីត ហើយរបួសពុំទាន់ជាផងខំធ្វើការរកលុយទាំងលំបាកបែបនេះ។
ទើបលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោកនាំយកអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់ទាំង២នាក់ ដើម្បីរំលែកនូវទុក្ខលំបាកខ្វះខាតបានមួយគ្រាដែរ៕