(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់ទុកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិពេលនេះ ជាមនុស្សអន់ផ្នែកច្បាប់បំផុត ហើយកំពុងគំរាមដល់ស្មារតីស៊ើបអង្កេតរបស់ ACU លើករណីពុករលួយរបស់លោក កឹម សុខា។
ប្រតិកម្មរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខការពារ លោក កឹម សុខា ហើយវាយប្រហារអង្គភាពប្រឆាំងអំពើពុករលួយ តាមរយបណ្តាសង្គម Facebook ថា «អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនស្គាល់ពីតួនាទីរបស់ខ្លួន!»។
លោក សម រង្ស៊ី បានលើកឡើង កាលពីម្សិលមិញថា «រឿងដែលគេកំពុងតែនិយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ផល ប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយវាយ ហើយដែលមិនបានមក ពីការកេងប្រវ័ញ្ច ឬលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវរវីរវល់ទេ»។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រាប់ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា លោក កឹម សុខា គឺជាតំណាងរាស្រ្ត និងជាបុគ្គលសាធារណៈ ហើយច្បាប់ប្រឆាំងអំពើពុករលួយ ក៏តម្រូវឱ្យអនុវត្តចំពោះបុគ្គលប្រភេទនោះដែរ ក្រៅពីមន្រ្តីរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមនិស្សិត និងយុវជន ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីធ្លាយសំឡេងខ្សែអាត់មួយបង្ហាញថា បុរសម្ចាស់សំឡេងដែលគេសង្ស័យលើលោក កឹម សុខានោះ បានផ្តល់លុយទៅឱ្យនារីកំណាន់ជាច្រើន ដើម្បីធ្វើការទិញផ្ទះ និងសម្ភារៈទំនើបៗ។
កាលពីសប្តាហ៍មុន អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលយកជាផ្លូវការនូវពាក្យបណ្តឹងរបស់ក្រុមយុវជន ហើយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏សម្រេចឱ្យ ACU ពិនិត្យមើលឯកសារប្រកាសទ្រព្យសម្បត្តិទាំងលើករបស់ លោក កឹម សុខា បន្ទាប់ពីធ្វើកោលសលវិច្ច័យភស្តុតាងសំឡេង ក្នុងខ្សែអាត់ជាច្រើនបង្ហាញថា សំឡេងនោះជាសំឡេងពិតរបស់ លោក កឹម សុខា និងនារីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់ដារ៉ាទី៕