(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ផ្លែមៀនចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រោយពីលោកស្រីបានចូលរួមចំណែកទិញពីកសិករដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់ពួកគេ។

លោកស្រីបាន នាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកស្រីបានបន្តទៀតថា ការប្រគល់ផ្លែមៀននេះ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ចុះទៅប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ។

នៅក្នុងឱកាសនោះ លោកស្រីក៏បានលើកឡើងពីស្ថានភាពជំងឺកូវីដផងដែរថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ តែលោកស្រីនៅតែស្នើរឲ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួនបានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេស ផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បាន បិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។ ផ្លែមៀនចំនួន១០តោន ក៏ត្រូវបានប្រគល់ជូនដល់ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងម្លាំងទាំងបីប្រភេទ និងមន្ទីរនានាជុំវិញ ខេត្តស្វាយរៀងផងដែរ៕