(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ១៦៦នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១០ ដល់ករណីទី៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។ ចំពោះ ករណីទី៨១ គឺជាអ្នកដំណើរមកពីខេត្តកំពង់ឆ្នាំង និងករណីទី៨២ ដល់ទី៩២ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

អ្នកជាសះស្បើយទាំង១៦៦នាក់ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៩២១នាក់ បានព្យាបាលជាសះស្បើយចំនួន៥២០៧នាក់ ស្លាប់៧៥នាក់ និង១៦៣៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ៖ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕