(បន្ទាយមានជ័យ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានផ្តល់ឧបករណ៍អនាម័យសម្រាប់ប្រើប្រាស់ដល់អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌល ខេត្តបន្ទាយមានជ័យ តាមរយៈលោក ជាយុទ្ធា រុណ ប្រធានមន្ទីរអភិវឌ្ឍនខេត្តបន្ទាយមានជ័យ។
សម្ភារទាំងនេះរួមមានទី១៖ ធុងលាងសម្អាតដៃមានចំណុះ ២៥លីត្រ មានចំនួន ១០០ធុង, ទី២៖ សាប៊ូដុំលាងសម្អាតដៃចំនួន៩,០៦០ដុំ ទី៣៖ សំឡីអនាម័យសម្រាប់ស្ត្រី មានចំនួន៤,៨០០ប្រអប់, ទី៤៖ ធុងដាក់សំណល់សំឡីអនាម័យមា ចំនួន២០ធុង, ទី៥៖ ធុងសំណល់វេជ្ជសាស្ត្រចំនួន៤០ធុង, ទី៦៖ ធុងសម្រាប់ជូតសម្អាតមានកង់ចំនួន៣០ធុង និងទី៧៖ ស្រោមដៃដៃ២០គូ។
ក្នុងនោះតាមរយៈប្រធានមន្ទីរអភិវឌ្ឍនខេត្តបន្ទាយមានជ័យ, លោក អ៊ុក រ៉ាប៊ុន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានបញ្ជូនឱ្យពួកគាត់មកធ្វើចត្តាឡីស័ក និងព្យាបាល បានយ៉ាងល្អប្រសើរផងដែរ។
លោកបានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលត្រូវរួម សហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ បន្តទៀតដោយត្រូវបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង៣ការពារ»។
ក្នុងនោះដែរលោក អ៊ុ រាត្រី បានបានថ្លែងអំណគុណដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ឧបករណ៍សម្រាប់ប្រើប្រាស់ដល់អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យទាំងអស់។ អំណោយមនុស្សធម៌ទាំងអស់នេះ លោកប្រើប្រាស់ឱ្យចំទិសដៅនៅតាមមណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់៕