Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រគល់ផ្ទះ ១ខ្នង មានតម្លៃ៤ពាន់ដុល្លារ ដល់ដូនជីពិការជើងទាំង២ម្នាក់ រស់នៅក្នុងវត្តកោះជុំ ស្រុកស្វាយជ្រំ

21-08-2021 08:32

(ស្វាយរៀង)៖ ដោយក្តីអាអាណិតអាសូរ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងភរិយា បានផ្ដល់ផ្ទះ ១ខ្នង ដែលមានតម្លៃ ៤,០០០ដុល្លារ ដល់ដូនជីពិការជើងទាំង២ ម្នាក់រស់នៅក្នុងវត្តកោះជុំ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ លោក និងភរិយាបានប្រគល់ផ្ទះ១ខ្នង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ដូនជីពិការទាំង២ ឈ្មោះ ថោង ធានី អាយុ៥៥ឆ្នាំ ដែលសព្វថ្ងៃរស់នៅក្នុងនៅវត្តកោះជុំ។

លោកវេជ្ជបណ្ឌិតបានបន្តថា «ដូនជីមិនត្រឹមតែពិបាកជើងទាំង២ទេ គាត់ថែមទាំងមានជំងឺរ៉ាំរ៉ៃ និងជំងឺខ្វះឈាមក្រហមទៀតផង ហើយលោកក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន៣លើករួចមកហើយ។ ក្នុងមួយឆ្នាំគាត់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ម្តង ហើយម្តងៗ ត្រូវបញ្ចូលឈាមពី២ ទៅ៣កំប្លោក»

ជាមួយគ្នានេះ លោកយាយ ថោង ធានី មានក្តីរំភើបរីករាយក្រៃលែង ដែលបានលោកវេជ្ជបណ្ឌិត កែរ រដ្ឋា និងភរិយាបានផ្ដល់ផ្ទះថ្មីមួយខ្នងនេះ។

លោកយាយថ្លែងថា ដោយសារលោកវេជ្ជបណ្ឌិត កែរ រដ្ឋា យកគាត់ទៅព្យាបាល បច្ចុប្បន្ននេះគាត់ជាហើយ គាត់ស្រស់បស់ និងមានកម្លាំងជាងមុនច្រើន។ លោកយាយ បានថ្លែងអំណរគុណ និងជូនពរដល់លោកវេជ្ជបណ្ឌិត និងភរិយាព្រមទាំងបុត្រា បុត្រី ឱ្យជួបប្រទះតែពុទ្ធពរទាំង៥ប្រការ និងជោគជ័យគ្រប់ភារកិច្ច៕