(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលធ្វើការ និងរស់នៅក្នុងប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរ ក្រោយប្រទេសនេះ សម្រេចដាក់ខេត្តចំនួន៧ទៀត ឱ្យស្ថិតនៅក្នុងភាពអាសន្ន ដោយសារមេរោគកូវីដ១៩ ប្រភេទ Delta វាយប្រហារខ្លាំង។ នេះបើតាម សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ខេត្តចំនួន៧ គឺខេត្ត Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ក្នុងភាពអាសន្ន ហើយចូលជាធរមានចាប់ពីថ្ងៃសុក្រទី២០ ខែសីហា បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, និង Okinawa ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់។ ខេត្តទាំង ១៣នេះ នឹងឋិតនៅក្នុងភាពអាសន្នរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង ១២ខាងលើ សហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់បំផុត។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នាច្រើន និងរក្សាគម្លាតសុវត្ថិភាព។

ក្នុងករណីចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤៕