(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានរៀបចំបើកសម្ពោធកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល» តាមរយៈការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក។
ពិធីបើកសម្ពោធកម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
ក្នុងនោះ ក៏មានការចូលរួម ពីលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និងលោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
យោងតាមប្រសាសន៍របស់លោកបណ្ឌិត គង់ ម៉ារី រាជរដ្ឋាភិបាល ក៏បានសម្លឹងមើលឃើញសក្តានុពល នៃវិស័យឌីជីថលជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលនឹងជួយក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាអាចជួយជំរុញបង្កើនផលិតភាព នៃវិស័យផ្សេងៗជាច្រើនទៀត។
លោកក៏បានលើកឡើងបន្ថែមថា សហគ្រាសធុនតូច និងមធ្យមដើរតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់យើង ហើយសហគ្រាសធុនតូច និងមធ្យម ដែលអាចចាប់យក ឌីជីថលបាន ក៏នឹងក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ក្នុងការរួមចំណែកបង្កើនផលិតភាព, ប្រសិទ្ធិភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ នៃសង្គមឌីជីថលកម្ពុជាផង។
អាស្រ័យហេតុនេះ កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ត្រូវបានបង្កើតឡើងដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យម ឱ្យស្របទៅនឹងបរិបទ និងការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា តាមរយៈការបំផុសឱ្យធុរកិច្ចថ្មី ដែលមានគំនិតច្នៃប្រឌិតថ្មីៗ ធ្វើការអភិវឌ្ឍផលិតផល ឬ សេវាកម្មបែបនវានុវត្តន៍ជួយដល់សហគ្រាសធុនតូច និងមធ្យម។
ក្រៅពីប្រាក់រង្វាន់ សរុប៤០លានរៀល សម្រាប់ម្ចាស់ជ័យលាភីនៃកម្មវិធី បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ការណែនាំ និងការផ្តល់យោបល់ពីអ្នកជំនាញផ្សេងៗ ការទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ការិយាល័យសម្រាប់ធ្វើការ និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផង។
ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីខាងលើនេះ លោកអ្នកគ្រាន់តែចូលទៅកាន់តំណរភ្ជាប់៖ https://dsa.techostartup.center/។ ការដាក់ពាក្យចាប់ផ្តើមទទួលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១១៖៥៩នាទីយប់។
កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងមានការសហការរៀបចំកម្មវិធីដោយ អង្គការ UNIDO ប្រចាំនៅកម្ពុជា និងសហគ្រិនខ្មែរ៕