(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានលើកឡើងថា ការអនុវត្តវិធានការ «៣កុំ និង៣ការពារ» នៅតែជាវិធានការចាំបាច់ ដើម្បីបញ្ជៀសនូវការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Delta ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ។

នេះជាការលើកឡើងបែបនេះ របស់លោក ថេង សុថុល បានធ្វើឡើងនៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាតសរុប ៣៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ ចៅសង្កាត់ផងដែរ។

នៅក្នុងឱកាសនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរដល់បងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឱ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រឡាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើប្រជាពលរដ្ឋ និងសូមប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។

លោក ថេង សុថុល ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ «អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងថ្មី Delta ដែលកំពុងតែចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញយើងនេះ»

លោក ស៊ុន សិទ្ឋី នាយករដ្ឋបាលខណ្ឌ បានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ម៉ាស និងថវិកាមួយចំនួនផងដែរ៕