(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ស្នើឲ្យសាលារាជធានីភ្នំពេញ រកទីតាំងថ្មីសម្រាប់អ្នកលក់បន្លែពេលរាត្រីនៅផ្សារដើមគរ តាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ផងដែរ។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook របស់លោកថា «សាលារាជធានីភ្នំពេញ គួរតែសម្រួលរកទីតាំងដែលល្អប្រសើរ ព្រមទាំងមានសុវត្ថិភាពសម្រាប់អាជីវករលក់ដូរទំនិញពេលយប់ ដែលនាំមកពីបណ្តាខេត្តនានាទូទាំងប្រទេស នៅម្តុំផ្សារដើមគរ តាមបណ្តោយមហាវិថី សម្តេច មុនីរ៉េត ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផ្សេងៗ»។
ផ្សារដើមគរ ត្រូវបានគេដឹងថា ជាទីតាំងលក់ និងចែកចាយបន្លែដ៏ធំនៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្តនៅតាមបណ្តាផ្សារ នានា ក៏ដូចជាតាមបណ្តាខេត្ត។ ជារៀងរាល់រាត្រីទាំងក្នុងផ្សារ និងតាមបណ្តោយមហាវិថីសម្តេច មុនីរ៉េត ត្រូវបានកក់កុញ ដោយបងប្អូនអាជីវករលក់បន្លែ រង់ចាំទិញបន្លែពីតាមបណ្តាខេត្ត ហើយយកមកដាក់លក់បន្ត ឲ្យទៅអាជីវករនៅតាមផ្សារផ្សេងៗ ឬ អ្នកយកទៅចែកចាយបន្តនៅតាមបណ្តាខេត្ត។
សំណើរបស់លោក សម រង្ស៊ី មិនមែនជារឿងថ្មីនោះឡើយ គេនៅចាំបានថា កាលពីឆ្នាំ២០១៥កន្លងទៅនេះ សាលារាជធានីភ្នំពេញ ដែលមានលោក ប៉ា សុជាតិវង្ស ជាអភិបាល បានចុះទៅជួបអាជីវករផ្សារដើមគរដោយផ្ទាល់ជាច្រើនលើក ដើម្បីគម្រោងសាងសង់ ផ្សារថ្មី ដើម្បីរៀបចំសណ្តាប់ធ្នាប់ផ្សារ សម្រួលចរាចរណ៍ ដែលតែងកកស្ទះខ្លាំងទាំងពេលយប់ និងថ្ងៃ ក៏ដូចជាលើកកម្ពស់សម្រស់ និងសោភណភាពរាជធានីភ្នំពេញ។
គម្រោងនេះ ត្រូវបានពន្យារទៅវិញ ដោយសារក្រុមអាជីវករមួយចំនួននៅក្នុងផ្សារធ្វើការតវ៉ា និងសុំឲ្យរង់ចាំដល់ផុតសុពលភាពថ្លៃប៉ា តង់លក់ដូរហូតដល់ឆ្នាំ២០២១។
ឆ្លើយតបសំណើរបស់លោក សម រង្ស៊ី មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា អ្វីដែលលោក សម រង្ស៊ី លើកឡើងនេះ ខាងសាលារាជធានីភ្នំពេញបានគិតគូរ និងធ្វើរួចទៅហើយ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានផ្តាំ ផ្ញើទៅប្រធានបក្សប្រឆាំងថា រឿងរ៉ាវមួយចំនួននិយាយពិតជាស្រួលណាស់ តែការអនុវត្តន៍ជាក់ស្តែងទើបដឹងថា លំបាកយ៉ាងម៉េច?៕
២៨ មីនា ២០១៦ / 28 March 2016, 21:00 - Night wholesale markets in Phnom Penh.សាលារាជធានីភ្នំពេញ គួរតែសម្រួលរកទីតាំងដែលល្អប្រសើរ ព្រមទាំងមានសុវត្ថិភាពសំរាប់អាជីវករលក់ដូរទំនិញពេលយប់ ដែលនាំមកពីបណ្តាខេត្តនានាទូទាំងប្រទេស នៅម្តុំផ្សារដើមគរ តាមបណ្តោយមហាវិថី សម្តេច មុនីរ៉េត ដើម្បីបញ្ជៀស គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផ្សេងៗ។
Posted by Sam Rainsy on Monday, March 28, 2016