Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងសប្បុរសជន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទិញផ្លែមៀនពីប្រជាកសិករចំនួន៤តោន

21-08-2021 12:58

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញារង រួមជាមួយសប្បុរសជនជាច្រើនរូបទៀត នៅថ្ងៃទី២១ ខែសីហា ឆ្នាំនេះ បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយទិញផ្លែមៀន ពីប្រជាកសិករចំនួន៤តោន ដើម្បីចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រាក្នុងខេត្តព្រះវិហារ និងប្រជាពលរដ្ឋនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីចូលរួមទុក្ខលំបាកជួយដោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។

បើតាមលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សសាលាដំបូងខេត្តព្រហវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះថា៖ «ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុន សែន ជាប្រមុខដឹកនាំនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក វុធ សាវី ព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង លោក សួង សុងហ៊ាង អគ្គនាយកបុរីស្តាហ្គោល លោក យន់ សេងហាក់ អគ្គនាយកផាមខុនដូរ បានសម្រេចជួយទិញផ្លែមៀន (តាង៉ែន) ចំនួន៤តោនពីប្រជាកសិករ»

លោក វុធ សាវី បានបញ្ជាក់ថា ចំពោះផ្លែមៀន និងផ្លែតាង៉ែន ចំនួន៤តោន ដែលទិញពីប្រជាកសិករនោះ គឺចំនួន២តោន សម្រាប់ចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងខេត្តព្រះវិហារ និងចំនួន ២តោនទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ នៅព្រឹកថ្ងៃទី២២ ឆ្នាំ២០២១ស្អែកនេះ ផ្លែមៀន និងផ្លែតាង៉ែនចំនួន២តោន នឹងចែកជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ចាប់ពីម៉ោង៧៖០០នាទីព្រឹក នៅវិមានជករាជ្យ។

លោកថា «គ្មានអ្នណាស្រឡាញ់យើងជាងប្រជាជាតិរបស់យើងទេ មានតែខ្មែរទេដែលស្រឡាញ់ខ្មែរ ខ្មែរតែមួយបេះដូងតែមួយ អរគុណសន្តិភាព! អរគុណសម្តេចតេជោ! ដឹងគុណសម្តេចតេជោអស់មួយជីវិត! ដឹងគុណគណបក្សប្រជាជនកម្ពុជា!»

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។

តាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញ ពីប្រជាពលរដ្ឋ បានធ្វើឲ្យអ្នកដាំដុះមៀន សម្តែងការសប្បាយចិត្តជាពន់ពេក៕