(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញនូវរូបភាពអនុស្សាវរីយ៍ចាស់ៗជាច្រើនសន្លឹក ពាក់ព័ន្ធនឹងជីវិតសម្តេច និងគ្រួសារកាលពីអតីតកាល ក្នុងដំណាក់កាលដែលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកវេទនា ពេលទើបរំដោះចេញរបបប្រល័យពូជសាសន៍ និងបន្តញាំញីដោយសង្គ្រាមស៊ីវិល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា «ជាង៣០ឆ្នាំមុន គ្រួសារខ្ញុំ មានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើនតម្រូវឱ្យយើងធ្វើដោយខានមិនបាន»។
នឹកឃើញដល់អនុស្សាវរីយ៍ដ៏ជូរចត់ពីអតីតកាល សម្តេចតេជោ បានលើកឡើងថា រឿងរ៉ាវទាំងនេះ ជាចលករមួយទៀត ជំរុញឱ្យសម្តេចរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីបន្តការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «នឹកឃើញរឿងលំបាកពីអតីតកាលកាន់តែធ្វើឱ្យខ្ញុំខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខនិងការរីកចម្រេីនរបស់ជាតិ និងប្រជាជនដ៏កម្សត់របស់យើង»។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្តិភាពពេញលេញ។ ក្រៅពីពន្លត់នូវភ្លើងសង្គ្រាម រកមកនូវសុខសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានកសាងនូវមរតកដ៏ធំធេងសម្រាប់ជាតិ និងប្រជាជន តាមរយៈការជំរុញខឿនសេដ្ឋកិច្ចជាតិ កសាងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ រស់ក្នុងសេចក្តីថ្លៃថ្នូរដូចជាតិសាសន៍ដទៃលើពិភពលោក។ ផ្ទុយស្រឡះពីជីវិតក្នុងរបបប្រល័យពូជសាសន៍ ដែលជីវិតជាទាសករគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់៕