(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២១។

ការប្តេជ្ញាចិត្តនេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី លើកក្នុងឱកាសថ្លែងសុន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។ កុមារ និងយុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មានចំនួនប្រមាណជា ២លាននាក់។

ចាប់តាំងពីថ្ងៃប្រកាសបើកយុទ្ធនាការនោះមក សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា «បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី ១២ឆ្នាំ និងក្រោម ១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសុាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»

គិតចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ បានជិត ៨០ម៉ឺននាក់ហើយ ស្មើនឹងជិត ៤០ភាគរយ។

ក្នុងថ្ងៃប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ៧យកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ សម្តេចតេជោ បានថ្លែងថា ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ មានសារសំខាន់ណាស់ក្នុងការបង្កើតភាពសុាំក្នុងសង្គម។ ជាពិសេសអាចអនុញ្ញាតឱ្យមានការបើកទ្វារសាលារៀនឡើងវិញ ដើម្បីផ្តល់ការបណ្តុះបណ្តាលជូនកុមារ និងយុវវ័យ៕