(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិធានការដាក់ប្រជាពលរដ្ឋមកពីតំបន់មានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ឱ្យនៅដាច់ដោយឡែក ក៏ដូចជាការអនុវត្តន៍វិធានការបិទខ្ទប់តំបន់ឆ្លងជំងឺកូវីដ១៩ខ្ពស់ មិនមែនជាការបិទសិទ្ធិសេរីភាព ឬការរើសអើងដូចការចោទប្រកាន់ណាមួយនោះឡើយ។ ផ្ទុយទៅវិញវិធានការទាំងនេះ គឺជាវិធានការការពារសសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសថ្លែង បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក បានរងការរាតត្បាតពីជំងឺកូវីដ១៩។ សម្រាប់កម្ពុជាចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន បានពើបប្រទះនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងស្រួចស្រាវជាទីបំផុត។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនតាមវិធានសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ ការរុករកអ្នកជំងឺបានលឿន ការដាក់ជនពាក់ព័ន្ធឱ្យនៅដាច់ដោយឡែក ឬបិទខ្ទប់តំបន់ឆ្លងខ្លាំង គឺជាវិធានសុខាភិបាលដ៏ចាំបាច់ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។
ឈរលើវិធានសុខាភិបាលទាំងនេះហើយ ដែលនាំឱ្យសម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់តំបន់នានាទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាមបណ្តាខេត្តនានា ហើយក៏បានដាក់ចេញវិធានការដោយតម្រូវឱ្យប្រជាពលរដ្ឋដាក់ខ្លួនដាច់ដោយឡែកនៅតាមផ្ទះជាដើម។
វិធានការរបស់រាជរដ្ឋាភិបាល បានរងនូវការរិះគន់ ពីក្រុមអ្នកធ្វើការងារលើបញ្ហាសិទ្ធិមនុស្ស និងក្រុមមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ ពួកគេចាត់ទុកវិធានការរបស់រាជរដ្ឋាភិបាល ជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ក្នុងសុន្ទរកថាថ្លែបើកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការចោទប្រកាន់នេះ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់ មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្លាកការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាល នៃការរឹតបន្ដឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុម ដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព»។
មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ៩ម៉ឺននាក់។ ក្នុងនោះស្លាប់ ១,៧៦២នាក់ ហើយអ្នកជំងឺជិត ៣នាក់ទៀត កំពុងសម្រាកនៅតាមមណ្ឌលព្យាបាល និងមន្ទីរពេទ្យ។
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តការប្រយុទ្ធយ៉ាងស្រួចស្រាវ ជាមួយមេរោគឆ្លងសកលមួយនេះ តាមរយៈអនុវត្តតាមវិធានរបស់សុខាភិបាល ជាពិសេសការរៀបចំឱ្យពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ដើម្បីទប់ស្កាត់ចរន្តការឆ្លងមេរោគដែលតាចូលទៅក្នុងសហគមន៍។
ក្រៅតែពីអនុវត្តតាមវិធានការពារហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ មកដល់ពេលនេះកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង បានជាង ៩លាននាក់, យុវវ័យ និងក្មេង អាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានជិត ៨០ម៉ឺននាក់។ ចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ គឺសម្រេចបាន១០០ភាគរយ តាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ហើយ។
តាមរយៈលទ្ធផលដែលកម្ពុជាសម្រេចបាន ធ្វើឱ្យមានការគាំទ្រខ្លាំងពីអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា។ អង្គអន្តរជាតិទាំងនោះ បានចាត់ទុកលទ្ធផលនេះ ជាការសម្រេចបាននូវសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដ៏ល្អប្រសើរ។
បើទោះបីជាយ៉ាងណា ក្នុងពិធីនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ជនរួមជាតិ បន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ៕