(ហាណូយ)៖ ការសម្រេចចិត្តថ្មីៗនេះរបស់ប្រទេសចិន ក្នុងការបើកបង្ហូរទឹក មកកាន់ផ្នែកខាងក្រោម ចូលបណ្តាប្រទេសមេគង្គ គឺជាចលនាវិជ្ជមានមួយ នេះបើតាមការលើកឡើងរបស់លោក Binh Minh ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។
«ក្រោយមកទៀត ឡាវក៏បានបើកទឹកចេញពីទំនប់វារីអគ្គសនីរបស់ខ្លួន ជួយបង្កើនកម្រិតទឹកទន្លេមេគង្គ» នេះបើតាមសម្តីរបស់លោក Minh។ កាលពីដើមខែនេះ ចិនបានចាប់ផ្តើមបើកការផ្គត់ផ្គង់ទឹកសង្រ្គោះបន្ទាន់ ចេញពីស្ថានីយវារីអគ្គីសនី Jinghong នៅខេត្ត Yunnan ភាគខាងត្បូងឆៀងខាងលិចប្រទេស ដើម្បីជួយកាត់បន្ថយគ្រោះរាំងស្ងួត សម្រាប់បណ្តាប្រទេសផ្នែកខាងក្រោម។
លោក Minh បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០១៦ បណ្តាប្រទេសជាច្រើន បានទទួលរងការវាយប្រហារយ៉ាងខ្លាំង ដោយការផ្លាស់ប្តូរអាកាសធាតុ ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ចិនបានប្តេជ្ញាយ៉ាងរឹងមាំ ដូចជាផ្តល់ជំនួយមួយចំនួន តាមរយៈថវិកា និងម៉ាស៊ីនបូមទឹក សម្រាប់បណ្តាប្រទេស ដែលរងផលប៉ះពាល់។ ទន្លេមេគង្គមានប្រភពដើម នៅក្នុងប្រទេសចិន ហើយបានហូរកាត់តាមរយៈប្រទេសមីយ៉ាន់ម៉ា, ឡាវ, ថៃ, កម្ពុជា និងវៀតណាម ហើយវាត្រូវបានស្គាល់ថាឈ្មោះ Lancang នៅក្នុងប្រទេសចិន៕