(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា បើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩។ ពិធីនេះធ្វើឡើងដើម្បីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។

សុន្ទរកថាបើកកម្មវិធីដែលធ្វើឡើងតាមអនឡាញ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីសារសំខាន់នៃការរៀបចំកម្មវិធីឡើងតាំងពីឆ្នាំ២០១៧ ហើយក៏បានគូសរំលេចពីផលលំបាកមួយចំនួនពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមិនអាចអនុញ្ញាតមានការរៀបចំប្រារព្ធកម្មវិធីនេះទ្រង់ទ្រាយធំនៅឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយ សម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។

សម្តេចតេជោ បានថ្លែងផងដែរថា សម្តេចមានមោទនភាពចំពោះការរក្សាបាននូវភាពសុខុដុមរមនានៃគ្រប់ជំនឿសាសនានៅកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងត្រា ដ៏លំបាកនេះ។

ខាងក្រោមនេះសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន៖