(ក្រចេះ)៖ ជំងឺដុំពកលើស្បែកគោ ដែលជាជំងឺមួយប្រភេទថ្មី បាននិងកំពុងឆ្លងរាលដាលពីភូមិមួយទៅភូមិមួយទៀត ពីស្រុកមួយទៅស្រុកទូទាំងខេត្តក្រចេះ បណ្ដាលឲ្យសត្វគោងាប់ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយ បារម្ភជាខ្លាំង ដោយសារសត្វគោជាកម្លាំងអូសទាញមួយ និងតម្លៃធ្លាក់ចុះផងដែរ។

ប្រជាកសិករចិញ្ចឹមគោ រស់នៅចំណុចក្បាលជ្រោះធំ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី បានឲ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា សត្វគោជាច្រើនបានកើតជំងឺដុំពក ហើយជំងឺនេះដែរមិនធ្លាប់ជួបពីមុននោះទេ ហើយសត្វគោបានងាប់ជាបន្តបន្ទាប់។ ពួកគាត់បានហៅពេទ្យឯកជន មកចាក់ថ្នាំឲ្យគោរបស់គាត់ក្នុង១ម្ជុលតំលៃ ២០០០០រៀល (គោមួយចាក់អស់១០ម្ជុល ហើយនៅមិនទាន់ជាទៀត)។

ពលរដ្ឋបានបញ្ជាក់ថា មន្ទីរកសិកម្មខេត្ត និងពេទ្យសត្វខេត្ត មិនទាន់មានចំណាត់ការទាន់ពេល និងមានប្រសិទ្ធភាពនោះឡើយ ហើយរហូតមកដល់ថ្ងៃនេះ ក៏មិនទាន់បានចុះទៅដល់ភូមិរបស់ពួកគាត់ទេ។ ពួកគាត់សូមសំណូមពរឲ្យមន្ទីរកសិកម្ម ចុះទៅជួយព្យាបាលគោរបស់ពួតផង ព្រោះពេលនេះគោរបស់ពួកគាត់បានងាប់ជាបណ្ដើរៗហើយ។

លោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះជំងឺដុំពកនៅលើស្បែកសត្វគោ បានកើតឡើងគ្រប់ស្រុកទៅហើយក្នុងខេត្តក្រចេះ ហើយលោកបានចាត់ឲ្យ មន្ត្រីចុះទៅពិនិត្យ និងព្យាបាលបានជាសះស្បើយជាច្រើនក្បាលមកហើយ។ បច្ចុប្បន្នលោកកំពុងតាមដានបន្តព្យាបាល ព្រោះនៅមានសត្វគោជាច្រើនក្បាលទៀតកំពុងតែកើតជំងឺនេះ។

លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ចិញ្ចឹមសត្វគោប្រមាណជាង ៦ម៉ឺនក្បាល និងក្របីប្រមាណ២ម៉ឺនក្បាល តែជំងឺដុំពកនេះបានកើតទៅលើសត្វគោជាង៤ពាន់ក្បាលទូទាំងខេត្ត តែត្រូវព្យាបាល ជាបានជាង៣ពាន់ក្បាល នៅសល់ប្រមាណ១ពាន់ក្បាលកំពុងព្យាបាលបន្ត។

លោកថា «អ្វីដែលប្រឈមនោះ គឺខ្វះវ៉ាក់សាំងព្យាលបាល ហើយខាងមន្ទីរកំពុងទាក់ទង់រកទិញវ៉ាក់សាំងមកព្យាបាលបន្តទៀត។ មន្ទីរបានចាត់ឲ្យមន្រ្តីជំនាញចុះទៅផ្សព្វផ្សាយ តាមបណ្ដាឃុំស្រុកទាំងអស់ ដើម្បីឱ្យមេភូមិ មេឃុំ និងអ្នកចិញ្ចឹមគោបានយល់ដឹងពីការឆ្លងរីករាលដាល នៃជម្ងឺដុំពកលើស្បែកគោនេះ»

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមទៀតថា ដើម្បីទប់ស្កាត់ជំងឺដុំនេះ មានតែព្យាលបាលដោយប្រើថ្នាំ និងវិធីអនាម័យឲ្យបានល្អ បើគោមានជំងឺត្រូវដាក់ដោយឡែក កុំដាក់ឲ្យនៅលាយលាំគ្នា ហើយខាងមន្ទីរចាត់ឲ្យពេទ្យសត្វភូមិ និងពេទ្យសត្វខាងមន្ទីរ ចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោឲ្យចេះថែរក្សាអនាម័យ។ ពេលមានបញ្ហាឲ្យគាត់ទាក់ទងជាមួយពេទ្យសត្វភូមិ ដើម្បីជួយព្យាលបានបន្តទៀត ប៉ុន្តែបញ្ហាប្រឈមចំពោះមុខនេះ គឺខ្វះថ្នាំព្យាបាល ហើយយើងកំពុងស្វែងរកថ្នាំបន្តទៀត ដើម្បីយកមកព្យាបាលឲ្យទាន់ពេល៕