(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបញ្ចប់នូវបម្រាមគោចរ ចាប់ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តទៅ ប៉ុន្តែនៅបន្តអនុវត្តនូវវិធានការរដ្ឋបាលមួយចំនួន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបញ្ចប់ការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ចាប់ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះតទៅ»

រដ្ឋបាលខេត្តបានបញ្ជាក់ថា ត្រូវបានបន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចខាងក្រោម៖

*ខារ៉ាអូខេ រង្គសាល ឌីស្កូតក បៀហ្គាឌិន
*រមណីយដ្ឋាន និងសួនកម្សាន្តនានា
*អាជីវកម្មម៉ាស្សា
*ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
*រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ
*ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តឱ្យដឹងថា រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សខាងលើ ត្រូវបានលើកលែងចំពោះករណីដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
*ការជួបជុំរបស់សា្ថប័នសាធារណៈ
*ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
*ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ *ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលា ជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖