(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌបឹងកេងកង បានចុះរុះរើសំណង់លំនៅដ្ឋានខុសច្បាប់មួយកន្លែង ស្ថិតក្នងបរិវេណវិទ្យាល័យព្រះយុគន្ធ។ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា ការចុះរុះរើទីតាំងសាងសង់ខុសច្បាប់ ធ្វើឡើងក្រោយមានការស្នើសុំពីមន្ទីរអប់រំ យុវជន និងកីឡា។ ទីតាំងខាងលើស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធផ្នែកខាងក្រោយ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

លោកអភិបាលខណ្ឌ បានបន្តថា ការចុះអនុវត្តវិធានការនៅព្រឹកនេះ អាជ្ញាធរបានកាត់ និងរុះរើដំបូលដែកដែលទើបស្ថាបនាថ្មីៗដែលម្ចាស់ផ្ទះ បានផ្សាបន្ថែមដោយខុសច្បាប់ បំពានស្មារតីអង្គប្រជុំជាមួយមន្ទីរអប់រំ និងគណៈនាយកវិទ្យាល័យ។ អាជ្ញាធរបានកាត់ស្ទូចដំបូលចេញ និងរុះរើអតីតរោងកង់ទីនរបស់សាលា ដែលត្រូវម្ចាស់ផ្ទះយកធ្វើជាកម្មសិទ្ធិឯកជន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឲ្យដឹងថា លោក វង់ វណ្ណា ជាអ្នកស្នាក់នៅក្នុងវិទ្យាល័យព្រះយុគន្ធ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង បានរំលោភបំពានសាង់សង់លំនៅដ្ឋានពង្រីកបន្ថែម នៅក្នុងវិទ្យាល័យ ដោយគ្មានការអនុញ្ញាត ទោះមានការចុះមកណែនាំឲ្យផ្អាកការសាងសង់របស់រដ្ឋបាលខណ្ឌបឹងកេងកង ចំនួន២លើករួចមកហើយ។

លោកប្រធានមន្ទីរអប់រំ បានបន្ថែមថា បើទោះបីជាក្រុមការងារបានប្រាប់ទៅម្ចាស់ផ្ទះខាងលើ កុំឲ្យការសង់សង់សំណង់បន្ថែម តែម្ចាស់ផ្ទះខាងលើ នៅតែរឹងទទឹង និងបន្តសាងសង់ដំបូលបន្ថែមថ្មី ជាក់ស្តែងនៅព្រឹកនេះផ្ទាល់ដែរ អាជ្ញាធរចុះមករុះរើតែម្តង៕