(ភ្នំពេញ)៖ កុដិ-ផ្ទះថ្មី សរុប៣ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគេន និងប្រគល់ជូន ព្រះភិក្ខុ កែវ ប៊ុន ព្រះជន្ម ១០៨វស្សា, លោកយាយ លី ង៉ូវ អាយុ៨៨ឆ្នាំ និងលោកតា ស្រី ព្រុំ អាយុ៨៤ឆ្នាំ ដែលធ្លាប់គង់-ស្នាក់នៅក្នុងកុដិ-ខ្ទមចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងវត្តចាក់អង្រែ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កុដិ-ផ្ទះនីមួយៗចំណាយថវិកា ៥,៣៣៤ដុល្លារ (ប្រាំពាន់បីរយសាមសិបបួនដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសីភ្លីធំ មានបន្ទប់ទឹកមួយក្នុងកុដិ-ផ្ទះ រៀបឥដ្ឋចាក់ខឿនជុំវិញកុដិ-ផ្ទះ និងតភ្ជាប់បណ្តាញទឹក-ភ្លើង។

ក្នុងឱកាសប្រគេន-ប្រគល់ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រគេន-ជូនចំពោះព្រះភិក្ខុ កែវ ប៊ុន និងលោកយាយលោកតា ទាំង ៣អង្គ/នាក់ និងសូមបួងសួងប្រគេន-ជូនព្រះភិក្ខុ លោកយាយ លោកតា មានសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែងតទៅ។

ព្រះភិក្ខុ កែវ ប៊ុន, លោកយាយ លី ង៉ូវ និងលោកតា ស្រី ព្រុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ទីកន្លែងរស់នៅយ៉ាងសមរម្យ ដោយមិននឹកស្មានថាមានថ្ងៃនេះទេ និងសូមប្រគេនពរ-ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងនៅជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាតរៀងទៅ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានប្រគេនព្រះភិក្ខុ កែវ ប៊ុន នូវ ៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ៦ដប, ទឹកផ្លែឈើ២កេស, ទឹកក្រូច២កេស, ទឹកបរិសុទ្ធ១០កេស, ទឹកដោះគោខាប់១កេស, អូវ៉ាន់ទីន១កេស, ទឹកដោះគោប្រអប់២កេស, ស្ករស១០គីឡូក្រាម, អំបិល៥គីឡូក្រាម, តែ៣០កញ្ចប់, ឆ្នាំងបាយ-វែកបាយ១ឈុត, ឆ្នាំងសម្ល-វែកសម្ល១ឈុត, ខ្ទះ-វែកឆា១ឈុត, ចង្ក្រានហ្គាស់ ១, កំសៀវទឹក១, ចានដែកធំ១, ថាសដែក១, បំពង់ទឹកក្តៅ១, ធុងទឹកកក១, ធុងទឹក-ផ្តិលទឹក១ឈុត, ជ្រុញ-កាំបិត១ឈុត, ចានបាយ១០, ចានសម្ល៥, ស្លាបព្រា-សម១០, និងថវិកា៥០ម៉ឺនរៀល។

ដោយឡែក លោកយាយ និងលោកតា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ៦ដប, ទឹកផ្លែឈើ២កេស, ទឹកក្រូច២កេស, ទឹកបរិសុទ្ធ១០កេស, ម៉ាស២ប្រអប់, អាល់កុល៥លីត្រ, ស្ករស១០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ៣០កញ្ចប់, ឆ្នាំងបាយ-វែកបាយ ១ឈុត, ឆ្នាំងសម្ល-វែកសម្ល១ឈុត, ខ្ទះ-វែកឆា១ឈុត, ចង្ក្រានហ្គាស់១, កំសៀវទឹក១, ចានដែកធំ១, ថាសដែក១, បំពង់ទឹកក្តៅ១, ធុងទឹកកក១, ធុងទឹក-ផ្តិលទឹក១ឈុត, ជ្រុញ-កាំបិត១ឈុត, ចានបាយ១០, ចានសម្ល៥, ស្លាបព្រា-សម ១០, និងថវិកា៥០ម៉ឺនរៀល៕