(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឧបត្ថម្ភដល់ដំណើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលកន្លងមកតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការជាបន្តបន្ទាប់សម្រាប់គាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកបានបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩ មានការថមថយក៏ពិតមែននាពេលបច្ចុប្បន្ន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែចម្លងឱ្យមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ «៣កុំ និង៣ការពារ» ជាដើម។

លោកអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឱ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំណោយទាំងនោះរួមមាន៖ អង្ក១០តោន ម៉ាស១០កេស អាល់កុល ២៥កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង៕