(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តក្រចេះ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២១នេះ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពីលោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងជាប្រធានដេប៉ូឆ្នោតមហាសំណាងខេត្ត ជូនដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសបានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលជំងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសកលលោកជារៀងរាល់ថ្ងៃផងដែ។
លោក វ៉ា ថន បានបញ្ជាក់ថា អំណោយដែលសភាពពាណិជ្ជកម្ម រួមនឹងសប្បុរសជនបានប្រគល់ជូនរដ្ឋបាលខេត្តកន្លងមក រដ្ឋបាលខេត្តបានធ្វើការបែងចែកទៅរដ្ឋបាលក្រុង ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការ ដែលប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
អំណោយដែលផ្ដល់ជូនរដ្ឋបាលខេត្តក្រចេះ នាឱកាសនោះរួមមាន៖ អង្ករចំនួន ៥០បេ មីចំនួន ៥០កេស ត្រីខចំនួន ៥០យួរ និងទឹកសុីអុីវចំនួន ៥០យួរ៕