(ព្រុចសែល)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបែលហ្ស៊ីក លោកស្រី Maggie De Block បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល សរុបទាំងអស់មានចំនួន ៣៥នាក់ ខណៈដែលអ្នករបួសមានចំនួនជាង ២៥០នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយ Update នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
លោកស្រី Maggie De Block បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៥នាក់នោះ ក៏មាន៣នាក់ ជាជនបំផ្ទុះគ្រាប់បែក និង៤នាក់ផ្សេងទៀត ជាជនរងគ្រោះរងរបួស ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ បើតាមការប៉ាន់ប្រមាណ អ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត ព្រោះមានអ្នកជំងឺមួយចំនួនរងរបួសធ្ងន់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ ទី២២ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយក្នុងនោះក្រុមឧទ្ទាម ISIS បានចេញមុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួន៕