(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើងថា ចំពោះឥរិយាបថមន្ត្រីមួយចំនួនតូច មានការឆ្គាំឆ្គងទៅលើប្រជាពលរដ្ឋ ក្នុងពេលចុះបំពេញភារកិច្ចនៅតាមបណ្ដាស្រុកមួយចំនួន ដូច្នេះ សូមធ្វើការកែប្រែឥរិយាបថ ដែលមានចំណុចខ្វះខាតប្រសិនបើមាន ត្រូវរៀបចំឥរិយាបថឱ្យសមជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ជៀសវាងការយកអំណាចរំលោភបំពានទៅលើប្រយោជន៍ប្រជាពលរដ្ឋ។
ណែនាំបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅក្នុងពិធីចូលកាន់តំណែងលោក សំ ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើឱ្យប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវខិតខំបន្ថែមទៀត នូវការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពោលគឺរក្សាអោយបាននូវសុខសន្តិភាព ឱ្យមាននិរន្តរភាពយូរអង្វែង។
លោក អ៊ុន ចាន់ដា បានណែនាំយ៉ាងដូច្នេះថា៖ «ដោយសារតែមានបទពិសោធន៍នាពេលកន្លងទៅ ចំពោះឥរិយាបថមន្ត្រីមួយចំនួនតូច មានការឆ្គាំឆ្គងទៅលើប្រជាពលរដ្ឋ ក្នុងពេលចុះបំពេញភារកិច្ចនៅតាមបណ្ដាស្រុកមួយចំនួន ដូច្នេះក្នុងឱកាសនេះ សូមឱ្យលោកប្រធានគណបក្សស្រុក ទើបចូលកាន់តំណែង និងជាអភិបាលស្រុកចំការលើផងនោះ សូមធ្វើការកែប្រែឥរិយាបថមន្ត្រី ដែលមានចំណុចខ្វះខាតប្រសិនបើមាន ដោយឱ្យពួកគាត់រៀបចំឥរិយាបថ ឱ្យសមជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋជៀសវាងការយកអំណាច រំលោភបំពានទៅលើប្រយោជន៍ប្រជាពលរដ្ឋ»។
ទាក់ទងទៅនឹងការផ្ដល់សេវានេះដែរ លោកអភិបាលខេត្ត ស្នើសូមឱ្យអាជ្ញាធរស្រុកខិតខំបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តាមរយៈការិយាល័យច្រកចេញចូលតែមួយ ជាពិសេសក្រុមមន្ត្រី គឺធ្វើយ៉ាងណាឱ្យស្របទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលកំណត់កំពីលក្ខខណ្ឌផ្ដល់សេវា និងការលើកលែងការទារកម្រៃសេវា៕